Monday, July 21, 2008

តើការលួចចំលងបទចំរៀងពីមួយទៅមួយជាការល្អរឺ?

អ្នកប្រហែលជាមិនមានការភ្ញាក់ផ្អើល ឬចំលែកចិត្តទេមែនទេ ចំពោះការផលិតចំរៀងរបស់ផលិតកម្ម​មួយ​ចំនួននាពេលសព្វថ្ងៃនេះ ។ មានមតិខ្លះថាការដែលមានក្រុមហ៊ុន​ផលិតចំរៀងបានបកប្រែបទ​ចំរៀង​ពី​ភាសាបរទេសមកជាភាសាខ្មែរយើងក៏ជាការល្អដែរ ព្រោះបទចំរៀងទាំងនោះពិរោះ និងអាច​ជា​បទពិ​សោធន៍ក្នុងការផលិតចំរៀងនៅក្នុងប្រទេសរបស់យើង ។ ប៉ុន្តែមានមតិមួយចំនួនទៀតបានលើក​ឡើងថា​ការដែលយើងចំលងពីគេមកនេះមិនមែនជាការល្អប៉ុន្មាន​ទេ ហើយអ្វីដែលគួរឲ្យខ្មាស់​អៀន​បំផុតដែលអ្នកនោះដាក់ឈ្មោះខ្លួនឯងជាអ្នកនិពន្ធ ។

មិនទាន់មានការបកស្រាយឲ្យបានសមស្របនោះទេចំពោះការលួចចំលងបទចំរៀងពីបរទេសជាពិ​សេសប្រទេសជិតខាងយើង ។ ប៉ុន្តែអ្វីដែលគួរឲ្យខ្មាស់គេបំផុតនោះ គឺការសព្វថ្ងៃនេះមានក្រុមហ៊ុន​ផលិតបទចំរៀងខ្លះបាន យកបទចំរៀងចាស់ៗ ដែលជាទឹកដមសំនៀងរបស់អ្នកចំរៀងរបស់ខ្មែរពី​សម័យមុនមកច្រៀង នេះវាអាចធ្វើឲ្យមានការភាន់ច្រលំសំរាប់កូនខ្មែរ ឬយុវ័យជំនាន់ក្រោយ ។ ពួកអ្នក​ជំនាន់ក្រោយនឹងមិនដឹងថាបទចំរៀងមួយនោះថាជាបទរបស់អ្នកចំរៀងសម័យថ្មីយើងនេះទៅវិញ ។

ដូចនេះហើយខ្ញុំក៏ជាកូនខ្មែរមួយរូបដែរ ដែលចូលចិត្តស្តាប់ទាំងបទចំរៀងបុរាណ និងសម័យផងដែរ ក៏​សុំអភ័យទោសចំពោះអ្នកនិពន្ធយើងសម័យនេះផងថា សូមឲ្យមានមនសិការផងចំពោះវិជ្ជាជីវៈរបស់​ខ្លួន សូមឲ្យមានគំនិតគិតរិះរកនូវអត្ថន័យ និងទំនុកច្រៀងថ្មីៗផង កុំចាំតែចំលងគេ និងចំលងគ្នាឯងក្នុង​ស្រុកទៅវិញ ។ ត្រូវយល់ថាគេដល់ណាហើយ ម្តេចបានជាអាចធ្វើបាន ។

ខ្ញុំមានជំនឿថាមាន ប្រាកដជាមានអ្នកនិពន្ធខ្មែរមួយចំនួនដែលមានសមត្ថភាពចំពោះការនិពន្ធនូវបទ​ថ្មីៗសំរាប់មិត្តអ្នកស្តាប់ ប៉ុន្តែគាត់ទាំងអស់គ្នាមិនធ្វើការបង្ហាញខ្លួន និងសមត្ថភាពរបស់គាត់នោះក៏​ព្រោះតែបញ្ហាលួចចំលងពីមួយទៅមួយ ការមិនរក្សានូវស្នាដៃនិពន្ធរបស់គាត់ និងការវាយតំលៃទាប​ពេកសំរាប់ស្នាដៃនិពន្ធរបស់គាត់ពីសំនាក់ម្ចាស់ផលិតកម្ម ។

No comments: